ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម!

ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម គឺជា ការកើនឡើងនៃសំពាធឈាមលើសពី កំរិតធម្មតា (ដឹងបានតាមរយះម៉ាស៊ីនវាស់សំពាធឈាម) ដែលវាអាចផ្តល់ផលប៉ះពាល់ទៅលើជញ្ជាំងសសៃឈាមនៃសរីរាង្គផ្សេងៗ ជាពិសេសសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ត្រូវបានទទួល ស្គាល់ថាជាឃាតករសំងាត់ ដែលអាចសំលាប់យើងបានគ្រប់ពេលវេលា។

ក) រោគសញ្ញា៖
ជាទូទៅ មនុស្សភាគច្រើនដែលកើត ជំងឺលើសឈាមមិនមានស្តែងចេញជារោគសញ្ញាផ្សេងៗទេ បើទោះបីជាសម្ពាធឈាមឡើងខ្ពស់ដល់ កំរិតធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិតក៍ដោយ។ ការដែលមិនមែនរោគសញ្ញានេះ ទើបធ្វើអោយគេ ហៅជំងឺលើសឈាមថា ឃាតករសំងាត់។ ក៏ប៉ុន្តែ មានអ្នកជំងឺលើសឈាមមួយចំនួនតូចអាចមានរោគសញ្ញាដូចជា:
– ឈឺក្បាល
– រោយកញ្ជឹងក
– វិលមុខ
– ស្រវាំងភ្នែក
– ឈាមច្រមុះ ជាដើម។

ចំណាត់ថ្នាក់កំរិតសំពាធឈាម៖
– សំពាធឈាមធម្មតា សំពាធអតិបរមាតិចជាង 120 mmHg និងសំពាធអប្បបរមាតិចជាង 80 mmHg
– សំពាធឈាមមុនលើសឈាម សំពាធអតិបរមា120-139 mmHg និងសំពាធអប្បបរមា 80-89mmHg
– លើសសំពាធឈាមដំនាក់កាលទី1 សំពាធអតិបរមា140-159 mmHg និងសំពាធអប្បបរមា90-99mmHg
– លើសសំពាធឈាមដំនាក់កាលទី2 សំពាធអតិបរមាធំជាងឬលើស160 mmHg និងសំពាធអប្បបរមាធំជាងឬលើស100 mmHg

ខ) មូលហេតុអ្វីខ្លះដែលបណ្ដាលអោយកើតជំងឺលើសឈាម៖

តាមការសិក្សាបានបញ្ជក់ ៩០-៩៥% នៃជំងឺលើសឈាម គឺមិនមាន មូលហេតុពិតប្រាកដឡើយ។ ចំណែក ១០-១៥% នៃជំងឺលើសឈាមអាចមាន មូលហេតុច្បាស់លាស់ដែលមានដូចខាងក្រោម៖
– ជំងឺតំរងនោម (Kidney problems)
– ជំងឺក្រពេញក (Thyroid problems)
– ជំងឺក្រពេញលើក្រពេញតំរងនោម (Adrenal gland problems)
– ជំងឺពិបាកចិត្ត (stress)
– ពិសាគ្រឿងស្រវឹង(Alcohol abuse or chronic alcohol use)
– ប្រើប្រាស់គ្រឿងញៀន (cocaine និង amphetamines)
គ) កត្តាប្រឈមមុខ ដែលជំរុញអោយកើតជំងឺលើសឈាម៖
– អាយុច្រើន(បុរសលើសពី៥៥ឆ្នាំ ស្ត្រីលើសពី៦៥ឆ្នាំ)
– មិនសូវ ឬមិនបានហាត់ប្រាណ
– ជក់បារី
– ជំងឺទឹកនោមផ្អែម
– លើសទម្ងន់ ធាត់
– លើសជាតិខ្លាញ់
– មានប្រវត្តិ ឬកំពុងប្រើប្រាស់ថ្នាំដែលនាំអោយលើសឈាម
– ប្រវត្តិក្រុមគ្រួសារមានជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម។

ឃ) ជំងឺលើសឈាមផ្តល់ផលវិបាក ដល់សុខភាព៖
ការកើនឡើងនៃសំពាធឈាមលើសពីកំរិតធម្មតា អាចធ្វើអោយប៉ះពាល់ដល់ជញ្ចាំងសរសៃឈាម និងសរីរាង្គផ្សេងៗ។ កាលបើ សំពាធឈាមកាន់តែខ្ពស់ និងមិនបានព្យាបាលត្រឹមត្រូវកាន់តែយូរ ផលវិបាក និងហានិភ័យដល់សុខភាពកាន់ តែមានច្រើនឡើងៗ។
អ្នកជំងឺលើសឈាមដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អាចប្រឈមនឹងផលវិបាកដល់សុខភាព ដូចជា៖
– ជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរសៃឈាមខួរក្បាល
– ជំងឺគាំងបេះដូង
– ជំងឺខ្សោយបេះដូង
– ជំងឺខ្សោយតំរងនោម
– ជំងឺងងឹតភ្នែក
– ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ។

ង) វិធានការអ្វីខ្លះដើម្បីបង្ការជំងឺលើសឈាម៖
– បញ្ចុះទម្ងន់ និងរក្សាទម្ងន់អោយត្រឹមត្រូវតាមស្តង់ដារ
– ហូបអាហារណាដែលផ្តល់ផលល្អដល់សុខភាពមានដូចជា បន្លែ ផ្លែឈើ បាយអង្ករសំរោប អាហារដែលសំបូរ ជាតិប៉ូតាស្យូម ជាពិសេសផ្លែចេកណាំវ៉ា ផ្កាខាត់ណា ផ្លែប៊័រ និងគ្រាប់ធុញជាតិជាដើម។
– តមការហូបប្រៃ
– បន្ថយការហូបជាតិខ្លាញ់ និងប្រេង
– ឈប់ពិសាបារី និងគ្រឿងស្រវឹង
– បន្ថយបញ្ហាពិបាកចិត្ត គិតច្រើន
– ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់អោយបាន៣០នាទីរៀងរាល់ថ្ងៃ។

ច) ការព្យាបាលជំងឺលើសឈាម៖
មកដល់សព្វថ្ងៃនេះ ជំងឺលើសឈាម មិនទាន់អាចព្យាបាលឲ្យជាសះស្បើយ បាននៅឡើយទេ។ ប៉ុន្តែ ការព្យាបាលដោយថ្នាំ អាចធ្វើអោយសំពាធឈាម ធ្លាក់មកស្ថិតនៅក្នុងកំរិតធម្មតាវិញ ជៀសផុតពី ផលវិបាក និងហានិភ័យផ្សេងៗដែល បណ្តាលមកពីជំងឺលើសឈាម។ អ្នកជំងឺ ត្រូវលេបថ្នាំឲ្យបានទៀងទាត់ និងត្រឹមត្រូវ តាមវេជ្ជបញ្ជា ហើយមិនត្រូវឈប់ពាក់កណ្តាលទីទេ ព្រោះការកើនឡើងនៃ សម្ពាធឈាម អាចនឹងរើឡើងវិញ។ អ្នកជំងឺត្រូវ ក៏ត្រូវអនុវត្តតាម វិធានការដើម្បី បង្ការជំងឺលើសឈាមផងដែរ។ ក្នុងករណីដែលសំពាធឈាមឡើងខ្ពស់ខ្លាំង ឬមាន រោគសញ្ញាមិនធម្មតា ត្រួវទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអាចបណ្តាលឲ្យប៉ះពាល់ដល់ អាយុជីវិត។

***ប្រសិនបើលោកអ្នកមានរោគសញ្ញា និងកត្តាគ្រោះថ្នាក់ដូចបានរៀងរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេស ដើម្បីស្វែងរកការការពារ និងការព្យាបាលឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។

Credit : មន្ទីរពេទ្យកាល់ម៉ែត

Previous
Previous

ខំណាស់ ថែណាស់ តែមុខនៅតែមើលមិនយល់ ដោយសារតែសាងកំហុស១នេះ

Next
Next

សាហាវណាស់! ត្រឹមតែ៣ម៉ោងមានអ្នកចូលមើលការប្រកួត «អ្នកលេងគុន» ១.៨លានអ្នក