IGNITE CAMBODIA : តិកនិកសម្ងាត់ដែលខ្ញុំប្រើដើម្បីយកឈ្នះបញ្ហា Self-doubt ឬ ការមិនមានទំនុកចិត្តលើខ្លួនឯង
ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង២រសៀល ពេលនេះខ្ញុំក៏កំពុងតែឈរនៅលើវេទិកាអន្តរជាតិ Ignite ជំនាន់ឆ្នាំទី ៩ នៅកម្ពុជា ដើម្បីធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍និងចំណេះដឹងផ្ទាល់ខ្លួនទៅកាន់មនុស្សជាច្រើននាក់នៅក្នុងសាលប្រជុំដ៏ធំ។ មុនពេលទ្បើងលើឆាកកម្មវិធី ខ្ញុំនៅមានភាពភ័យខ្លាចមួយចំនួន សំណួរជាច្រើនបានវិលវល់ក្នុងខួរក្បាលរបស់ខ្ញុំ តើខ្ញុំជានរណាគេ? ហេតុអ្វីខ្ញុំមានសិទ្ធឈរនៅលើឆាកដ៏មានសារៈសំខាន់មួយនេះ? តើបងប្អូនដឹងទេ Ignite Talks បានចាប់ផ្តើមដំបូងនៅរដ្ឋ Washington ក្នុងឆ្នាំ ២០០៦។ កម្មវិធី Ignite ទទួលបានភាពជោគជ័យខ្លាំងណាស់ រហូតមកទល់នឹងពេលនេះ ព្រិត្តិការណ៍នេះត្រូវបានប្រារព្ធឡើងនៅជាង ៣៥០ ទីក្រុង ទូទាំងពិភពលោកទៅហើយ។ នៅក្នុងកម្មវិធី Ignite មួយចំនួន វាគ្មិនដែលត្រូវបានអញ្ជើញ សុទ្ធតែឥស្សរជនសាធារណៈនិងអ្នកជំនាញល្បីឈ្មោះនៅក្នុងវិស័យដែលពាក់ព័ន្ធទៅនឹងប្រធានបទធំនៃកម្មវិធីនោះតែម្តង។
នៅពេលចូលរួមកម្មវិធីនេះ អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុតនោះ គឺមានក្មេងប្រុសម្នាក់អាយុប្រហែល ១៩ ឆ្នាំបានធ្វើដំណើរចម្ងាយ ១៥៥គីឡូម៉ែត្រពីខេត្តកំពតដើម្បីតែមកជួបខ្ញុំផ្ទាល់ និងស្តាប់បទបង្ហាញរបស់ខ្ញុំពីបញ្ហា Self-doubt ឬ ការសង្ស័យលើខ្លួនឯង ដែលជាសត្រូវលេខមួយរបស់យើងទាំងអស់គ្នា ធ្វើឲ្យយើងភ័យខ្លាច រុញរាទប់ស្កាត់យើងមិនឱ្យសម្រេចគោលបំណងខ្លួនឯងបាន។ ហេតុដូច្នេះហើយទើបខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែដឹងពីរបៀបប្រឈមមុខនឹងវា និងគន្លឹះដោះស្រាយដែលខ្ញុំបានធ្វើហើយទទួលបានផលខ្ពស់ខ្លាំងមែនទែន។ សម្រាប់ខ្ញុំ ការសង្ស័យលើខ្លួនឯងគឺជាផ្នែកមួយរបស់ខ្លួនយើង "វាគឺជាយើង យើងគឺជាវា"។ មកដល់ពេលនេះ ខ្ញុំរៀនរស់នៅជាមួយវា ប្រៀបដូចជាមិត្តជិតស្និទ្ធរបស់ខ្ញុំទៅហើយ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ?
ព្រោះវាតែងតែមករកខ្ញុំរាល់ពេលដែលខ្ញុំចាប់ផ្តើមធ្វើអ្វីថ្មីមួយ មិនថាកិច្ចការតូចធំណាមួយទេ ខ្ញុំតែងតែប្រកែកគ្នាជាមួយវាជានិច្ច! នៅពេលចូលរៀនពេទ្យ ខ្ញុំតែងតែសួរខ្លួនឯង តើខ្ញុំអាចរៀនពេទ្យចប់ទេ? ពេលចាប់ផ្តើមដំណើរជីវិតឯករាជ្យ ខ្ញុំសង្ស័យខ្លួនឯង តើវាជាផ្លូវជីវិតត្រឹមត្រូវមួយឬអត់? នៅពេលដែលខ្ញុំចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្ញុំ គឺគ្លីនិក Dr. Professional ខ្ញុំខ្វះការជឿជាក់លើខ្លួនឯង ខ្ញុំគេងអត់លក់ ដេកយកដៃគងថ្ងាស ជើងគងទាក់ខ្លា សួរខ្លួនឯងថា តើខ្ញុំអាចរក្សាអាជីវកម្មមួយនេះឱ្យដំណើរការទៅមុខបានទេ? តើខ្ញុំអាចសម្រេចបាននូវគោលដៅធំរបស់ខ្ញុំក្នុងការនាំយកម៉ាកយីហោកូនខ្មែរ ទៅកាន់ក្រៅប្រទេសបានដែររឺទេ? ជីវិតនេះខ្ញុំឆ្លងកាត់ហើយ ការសង្ស័យលើខ្លួនឯងនេះតែងតែមកលេងខ្ញុំរហូតរាល់ពេលខ្ញុំចាប់ផ្ដើមធ្វើអ្វីមួយ កាន់តែសំខាន់ កាន់តែធ្វើឲ្យខ្ញុំខ្លាច រុញរា ញ័រដៃញ័រជើង បែកញើសជោគពេញខ្លួនគ្រប់ៗពេល។ ហេតុនេះហើយទើបខ្ញុំគិតថាវាសំខាន់ណាស់សំរាប់អ្នកទាំងអស់គ្នា ត្រូវតែដឹងពីរបៀបប្រឈមមុខនឹងវា។ តើខ្ញុំត្រូវធ្វើយ៉ាងណានៅពេលដែលខ្ញុំជួបបញ្ហានេះ? ហើយបើការគិតទាំងអស់នោះពិតជាមានឥទ្ធិពលខ្លាំងមែន ហេតុអ្វីខ្ញុំអាចឈរនៅចំណុចនេះបាន?
កាលនោះខ្ញុំគ្រាន់តែធ្វើតាមគោលការណ៍ដែលខ្ញុំបានដាក់ចំពោះខ្លួនឯងប៉ុណ្ណោះ។ តែឥឡូវនេះខ្ញុំដឹងថាវាពិតជាមានប្រសិទ្ធភាពពិតមែនទើបខ្ញុំមានភាពជឿជាក់ក្នុងការចែករំលែកវាដល់អ្នកទាំងអស់គ្នាអំពីវិធីយកឈ្នះលើការសង្ស័យលើខ្លួនឯង។
ការសង្ស័យលើខ្លួនឯងគឺកើតចេញពីការខ្វះទំនុកចិត្តលើខ្លួនឯង វាជាសញ្ញានៃខួរក្បាលដ៏ឆ្លាតវៃរបស់យើង ស្វែងរកចម្លើយជាក់លាក់ណាមួយពីខ្លួនយើងទៅនឹងហេតុការណ៍ណាមួយដែលរៀបនឹងកើតទ្បើង ដើម្បីឲ្យយើងចេះត្រៀមខ្លួនទុកជាមុន តាមពិតវាជាចំនុចល្អទេ តែនៅពេលដែលវាប៉ះពាល់រហូតធ្វើឲ្យយើងមិនអាចផ្ចង់អារម្មណ៍បាន នោះវានឹងក្លាយជាបញ្ហាធំ ផ្លូវដែលអាចយកឈ្នះ Self-doubt ឬ ការសង្ស័យលើខ្លួនឯងបាន គឺយើងត្រូវចេះសាងទំនុកចិត្តលើខ្លួនឯង។ ដូច្នេះតើធ្វើដូចម្តេចដើម្បីកសាងទំនុកចិត្តលើខ្លួនឯងបាន?
ទំនុកចិត្តលើខ្លួនឯង ឬ Self-confident វាគឺជាជំនាញមួយ។ ខ្ញុំនិយាយថាវាជាជំនាញ ព្រោះយើងអាចបង្វឹកវាឲ្យកើតមាននៅក្នុងខ្លួនយើងបាន ហើយបើយើងព្យាយាមអនុវត្តជំនាញនោះឱ្យបានគ្រប់គ្រាន់ ធ្វើវាម្តងហើយម្តងទៀតនោះ យើងពិតជាអាចយកឈ្នះ Self-doubt ឬ ការសង្ស័យលើខ្លួនឯងបាន ។ ចូលបន្តការអនុវត្តន៍កុំឈប់ ទោះបីជាអ្នកជួបប្រទះនឹងភាពបរាជ័យនៅក្នុងការងារមួយនោះក៏ដោយ អ្នកត្រូវតែរៀនពីកំហុសតូចៗដែលនាំទៅរកភាពបរាជ័យទាំងអស់នោះ ហើយត្រលប់មកធ្វើវាម្តងទៀត នោះនៅពេលអ្នកមានជំនាញមួយស្ទាត់ហើយ អ្នកនឹងអាចបង្កើតទំនុកចិត្តលើខ្លួនឯងចំពោះការងារទាំងអស់នោះបានតែម្តង។ ដូច្នេះ បើអ្នកជឿជាក់លើគោលដៅរបស់អ្នកពិតប្រាកដ ប៉ុន្តែនៅតែមានភាពសង្ស័យលើខ្លួនឯង ថាខ្លួនឯងអាចធ្វើវាបានឬអត់។ ខ្ញុំណែនាំអ្នកឱ្យបន្តធ្វើវាទៀត ថ្ងៃអនាគតអ្នកនឹងឃើញពីលទ្ធផល ហើយការសង្ស័យលើខ្លួនឯងនឹងរលាយបាត់ដោយឯកឯង។
សរុបសេចក្តីមក ខ្ញុំពិតជារំភើបណាស់ដែលឃើញប្រជាជនកម្ពុជាយើង ជាពិសេសយុវជន Gen Z រាប់រយនាក់បានចំណាយពេលថ្ងៃឈប់សម្រាកចុងសប្តាហ៍របស់ខ្លួន មកចូលរួមក្នុងកម្មវិធីបែបបំផុសគំនិតបែបនេះ ដើម្បីស្វែងយល់អំពីរបៀបប្រឈមមុខនឹងការសង្ស័យលើខ្លួនឯង និងយកបទពិសោធន៍ថ្មីៗបន្ថែមទៀតសម្រាប់អនាគតរបស់ពួកគេ។ ដោយសារតែមានយុវជនជាច្រើននៅក្នុងប្រទេសកម្ពុជាដែលចូលចិត្តចង់រៀនពីរបស់ថ្មីៗ ចង់ដឹងចង់លឺពីបញ្ហាសង្គមបែបនេះ ខ្ញុំជឿថាអនាគតរបស់ប្រទេសយើងគឺនឹងភ្លឺស្វាងដូចប្រទេសជឿនលឿនដទៃទៀតនៅថ្ងៃខាងមុខដ៏ឆាប់ៗនេះជាក់ជាពុំខាន។