សាហាវណាស់! ត្រឹមតែ៣ម៉ោងមានអ្នកចូលមើលការប្រកួត «អ្នកលេងគុន» ១.៨លានអ្នក

កាន់តែមិនធម្មតា កាន់តែអស្ចារ្យឥទ្ធិពលគុនល្បុក្កតោខ្មែរកាន់តែសាហាវណាស់ដែលកាលពីយប់មិញនេះត្រឹមតែរយៈពេល៣ម៉ោងផេករបស់ខ្ញុំមានអ្នកចូលមកទស្សនា 79.8K Live Views និង 1.8លាន Total Views - 16K Share - 57.7K Likes - 11K Comments ដែលសមទ្ធិផលដ៏មហិមាមួយនេះគឺខ្ញុំទទួលបានពីកម្មវិធីប្រកួតថ្មីស្រឡាងមួយមានឈ្មោះថា«អ្នកលេងគុន» ដែលកម្មវិធីនេះគឺជាគំនិតផ្ដួចផ្ដើមរបស់កូនខ្មែរយើងសុទ្ធសាធដើម្បីលើកស្ទួយក្បាច់គុនល្បុក្កតោ បង្ហាញទៅពិភពលោកឲ្យកាន់តែស្គាល់អ្វីទៅជាគុនខ្មែរ។

បងប្អូនបើតាមខ្ញុំដឹងកម្មវិធីប្រកួតនេះ មានកីឡាករចម្រុះក្បាច់គុន និងស្នៀតពិសេស ចូលរួមប្រកួត។ រួមទាំងមានកីឡាករ៥ប្រទេស ក្នុងតំបន់អាស៊ាន នឹងត្រូវប្រកួតគ្នាក្នុងកម្មវិធីនេះ រួមមាន កម្ពុជា ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី។

យប់មិញខ្ញុំបានទៅចូលរួមទស្សនាការប្រកួតផ្ទាល់ដូចគ្នាបងប្អូនមានរឿងជាច្រើនដែលខ្ញុំបានចាប់អារម្មណ៍ខ្លាំងទៅលើការប្រកួតជាពិសេសទៅលើកីឡាករឆ្នើមរបស់កម្ពុជា ចាន់ រតនា។ ថ្វីត្បិតតែគាត់ជាកីឡាករជើងចាស់ក៏ពិតមែនប៉ុន្តែខ្ញុំអាចនិយាយបានថា Wow Wow គឺក្បាច់គុន ស្នៀតរបស់គាត់មួយៗគឺច្បាស់ខ្លាំងមែនទែន វៃសម្រុកដកទៅដកមកប្រកបដោយថាមពល ជាពិសេសពេលដែលគូប្រកួតសម្រុកវៃគាត់គឺគាត់ដឹងប្រុងខ្លួនហើយស្រេចដើម្បីទប់ទល់ស្នៀតរបស់គូប្រកួត ដែលចំណុចទាំងនេះបានស្ដែងឲ្យឃើញពីឥទ្ធិពលគុនល្បុក្កតោខ្មែរ ថាវាសាហាវប៉ុណ្ណា ហើយប្លែកយ៉ាងណាដែលមួយពិភពលោកគ្មានប្រទេសណាមានក្បាច់គុននេះដូចប្រទេសយើងឡើយ។

មួយវិញទៀតនៅក្នុងការប្រកួតនេះខ្ញុំចង់ឲ្យបងប្អូនយើងយល់កាន់តែច្បាស់ថ្វីត្បិតតែកម្មវិធីនេះមានឈ្មោះ «អ្នកលេងគុន» ក៏ពិតមែនប៉ុន្តែកីឡាករចូលរួមប្រកួត មានទាំងអ្នកគុនល្បុក្កតោ ប្រដាល់ សាំបូ MMA និងជីតជីស៊ូ ជាដើម។ ការប្រកួតនេះ អាចឱ្យកីឡាករទាំងអស់ប្រើក្បាច់គុនចម្រុះគ្នាបាន មិនថាអ្នកចេះក្បាច់គុនល្បុក្កតោ ក្បាច់ប្រដាល់ ជឺជីតស៊ូ និងMMA នោះទេ។ ត្រង់ចំណុចនេះ មានន័យថា ក្រៅពីប្រើកណ្ដាប់ដៃ ជើងទាត់ធាក់ ជង្គង និងកែងនោះ កីឡាករទាំងអស់ ក៏អាចប្រើស្នៀតចាប់បោក កៀបឃ្លេរជាដើម ដើម្បីទទួលបានជ័យជម្នះផងដែរ។

យ៉ាងណាមិញបងប្អូនបើតាមការបញ្ជាក់របស់លោក សយ ផាន់និច និងលោក វី តារ៉ា ដែលជាដឹកនាំរៀបចំកម្មវិធី«អ្នកលេងគុន» នេះ បានលើកឡើងថា ការរៀបចំកម្មវិធីនេះ គឺដើម្បីគាស់កកាយក្បាច់គុន និងបច្ចេកទេសក្បួនបុរាណ មកបង្ហាញទស្សនិកជន និងពិភពលោក ឱ្យបានស្គាល់កាន់តែច្បាស់មួយកម្រិតទៀត ពីវប្បធម៌ក្បាច់គុនរបស់ខ្មែរ។ ជាពិសេសផ្ដល់ឱកាសថ្មីមួយទៀត ដល់កីឡាករ កីឡាការិនី អ្នកស្រឡាញ់វិស័យក្បាច់គុនបុរាណរបស់ខ្មែរ មានជម្រើសច្រើន សម្រាប់ការប្រកួតប្រជែង ក្រៅពីហាត់ដើម្បីការពារខ្លួន និងសុខភាព។

ចុងបញ្ចប់នេះបងប្អូនមានតែយើងរួមគ្នាដើម្បីជួយលើកស្ទួយ និងថែរក្សានៅអ្វីដែលយើងមាន ប្រសើរជាជាងយើងធ្វើការបន្ទោសគ្នា ឬអ្នកដទៃទេ ទើបវិស័យមួយនេះនិងវិស័យដទៃទៀតអាចរីកចម្រើនទៅមុខបាន ឈាមជ័រជាខ្មែរ ថែរក្សាសម្បត្តិជាតិយើង ទាំងអស់គ្នា ៕

Previous
Previous

ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម!

Next
Next

ធ្វើម៉េចអាយុប៉ុន្មានក៏ស្បែកនៅតែមើលទៅឃើញក្មេង!